កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមលក្ខណះរបស់កម្ពុជាក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាន់នីង ប្រទេសចិន
កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមលក្ខណះរបស់កម្ពុជាក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាន់នីង ប្រទេសចិន
------
កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំមួយក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ថៃ អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មដើម្បីធ្វើការសំណេះសំណាលនិងពិភាក្សាជាមួយពាណិជ្ជករ-អាជីវករដែលត្រូវទៅចូលរួមក្នុងពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាន់នីង ខេត្តក្វាងស៊ី ប្រទេសចិន។

ដើម្បីឲ្យការរៀបចំ និងការចូលរូមរបស់កម្ពុជាក្នុងពិព័រណ៍ចិន-អាស៊ានលើកទី១៥នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ឯកឧត្តម ស៊ាង ថៃ បានមានមតិណែនាំ និងចែករំលែកនូវព័ត៌មានសំខាន់ៗមួយចំនួនជូនដល់ពាណិជ្ជករ-អាជីវករដែលត្រូវចូលរួមតាំងពិព័រណ៍ទាំងអស់ដូចខាងក្រោម៖
- បទបញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកចូលរួមតាំងពិព័រណ៍
- ព័ត៌មាននៃទីតាំងស្តង់របស់ក្រុមហ៊ុនចូលរួមពិព័រណ៍
- ព័ត៌មាននៃកម្មវិធីពិព័រណ៍ទូទៅ
- ការស្នាក់នៅ បញ្ហាទិដ្ឋាការ និងការធ្វើដំណើរនៅក្នុងប្រទេសចិន
- ការរៀបចំបែបបទ និងឯកសារពាក់ព័ន្ធផ្សេងៗសម្រាប់ធ្វើ Pass ចេញ-ចូល រួមមានរូបថត លិខិតឆ្លងដែន និង ID ចំពោះជនជាតិចិន
- ចំពោះក្រុមហ៊ុនដែលយកស្តង់លក្ខណៈ Upgrade Booth ត្រូវធ្វើការទំនាក់ទំនងជាមួយគណៈកម្មការរៀបចំពិព័រណ៍ ដើម្បីបំពេញបែបបទសាងសង់ស្តង់
- ឯកឧត្តម ស្នើសុំឲ្យក្រុមហ៊ុននីមួយៗត្រូវគោរពតាមលក្ខខណ្ឌ និងបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការរៀបចំពិព័រណ៍រួមមានជាអាទិ៍៖ ពុំអនុញ្ញាតិឲ្យក្រុមហ៊ុនធ្វើការផ្ទេរ ឬជួលស្តង់របស់ខ្លួនឲ្យក្រុមហ៊ុនដ៏ទៃ មិនអនុញ្ញាតិឲ្យដាក់តាំង និងលក់ផលិតផលរបស់បរទេសឡើយ ត្រូវរក្សាគុណភាពជាចម្បង និងមិនត្រូវផ្សព្វផ្សាយបំភ្លើសពីការពិត
- ឯកឧត្តម ស្នើសុំឲ្យក្រុមហ៊ុនធ្វើការរៀបចំ និងតុបតែងស្តង់របស់ខ្លួនឲ្យមានសោភ័ណ្ឌភាព និងមានភាពទាក់ទាញ ជាពិសេសសូមឲ្យមានជាភាសាខ្មែរ និងដាក់ទង់ជាតិខ្មែរផងដែរ។ នៅថ្ងៃសម្ពោធ ត្រូវមានប្រធានក្រុមហ៊ុន ឬតំណាងបុគ្គលិកប្រចាំការនៅស្តង់ ដោយមានសម្លៀកបំពាក់សមរម្យ (សម្លៀកបំពាក់ប្រពៃណីខ្មែរ ឬអាវធំ) ដើម្បីរងចាំទទួល សម្តេចតេជោនាយកមន្រ្តី និងគណៈប្រតិភូកម្ពុជាដែលមកទស្សនាស្តង់
- ជាចុងក្រោយ ឯកឧត្តម បានសំណូមពរសុំឲ្យក្រុមហ៊ុនអ្នកចូលរួម នាំគ្នាធ្វើដំណើរតាមយន្តហោះ Charter Flight ដែលជាប្រភេទយន្តហោះ Direct Flight ងាយស្រួលក្នុងការដឹកឥវ៉ាន់ មានមន្រ្តីសម្របសម្រួល និងមានឡានមកទទួលដឹកទៅដល់សណ្ឋាគារ JIAO YU ផងដែរ។

ក្រោយពីបានស្តាប់នូវមតិណែនាំ ក៏ដូចជាសំណូមពររបស់ឯកឧត្តម ពាណិជ្ជករ-អាជីវករបានយល់ច្បាស់ពីនីតិវិធីនៃការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ ហើយបានយល់ព្រមគោរពតាមលក្ខខណ្ឌខាងលើ និងយល់ស្របតាមមតិណែនាំនេះ។
កិច្ចប្រជុំពិភាក្សាខាងលើនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសដ៏រីករាយ ដោយ ឯកឧត្តម បានជូនពរដល់ពាណិជ្ជករ-អាជីវករដែលត្រូវចូលរួមទាំងអស់ ធ្វើដំណើរដោយសុវត្ថិភាព ជួបតែសុខសប្បាយតាមផ្លូវ និងទទួលជោគជ័យក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំនេះ។